Category: ចំណេះដឹងទូទៅ

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?(សូមអធ្យាស្រ័យផង)

តាំងពីខ្ញុំនៅក្មេងមក សង្គមបានបង្រៀនខ្ញុំថា កើតមកជាមនុស្សស្រី តម្លៃរបស់ខ្ញុំគឺស្ថិតនៅលើភាពបរិសុទ្ធ ឬព្រហ្មចារីយ៍របស់ខ្ញុំ (ឬព្រហ្មចារីនី, according to my professor)។ «មនុស្សស្រី តែអស់ហ្ស៊ីន ឬអស់ព្រហ្មចារីយ៍ ដឹងតែចប់ហើយ»។ ឃ្លានេះ ខ្ញុំធ្លាប់បានលឺច្រើនលើកច្រើនសាចេញពីមាត់មនុស្សមិនថា ស្រី ឬប្រុសទេ។ គេថា មនុស្សស្រីដែលអស់ព្រហ្មចារីយ៍មុនរៀបការ គឺធ្វើឲ្យអាប់ឱនកិត្តិយសគ្រួសារ ខូចប្រពៃណីវប្បធម៌ ហើយអ្នកខ្លះគឹថាមនុស្សស្រីនោះជាមនុស្ស «អាស់» ឬ «អស់សាច់»។ សតវត្សទី២១នេះទៅហើយ ទោះជាប្រទេសមួយជឿនលឿនប៉ុណ្ណាក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនដែលឲ្យតម្លៃមនុស្សស្រីតាមរយៈព្រហ្មចារីយ៍នេះដែរ។ និយមន័យទូទៅរបស់ពាក្យ «ព្រហ្មចារីយ៍» គឺការដែលមិនធ្លាប់រួមភេទពីមុនមក (the state of never having had sexual intercourse)។ ប៉ុន្តែបើយើងគិតមកវិញ «ការមិនធ្លាប់រួមភេទ» តែអ្វីជាការមិនធ្លាប់រួមភេទ? តើមនុស្សស្រីដែលធ្លាប់តែរួមភេទតាមរន្ធគូទ អាចចាត់ទុកថាជាមនុស្សស្រីអស់ព្រហ្មចារីយ៍ដែរឬទេ? ចុះមនុស្សស្រីដែលរួមភេទជាមួយនឹងដៃគូតាមមាត់? ចុះបើប្រើម្រាមដៃ? ចុះការប្រើប្រាស់ឧបករណ៍ជំនួយ? អាចទៅរួចទេ ដែលនិយាយថាមនុស្សស្រីម្នាក់អស់ព្រហ្មចារីយ៍ជាមួយនឹងលិង្គសប្បនិមិត្ត ឬឧបករណ៍ជំនួយ? អ្នកខ្លះទៀតនិយាយថា ទាល់តែមនុស្សប្រុសម្នាក់ដាក់ប្រដាប់ភេទរបស់ខ្លួនចូលទៅក្នុងប្រដាប់ភេទរបស់មនុស្សស្រី ទើបមនុស្សស្រីនោះអស់ព្រហ្មចារីយ៍។ ចុះមនុស្សស្រីដែលស្រឡាញ់ភេទដូចគ្នា?