​ព្រោះ​មិន​ចង់​ចាយ​លុយ​ប្ដី ​ប្ដូរផ្ដាច់​បើក​ហាង​កាហ្វេ​តម្លៃ​ជាង​១៣ម៉ឺន​ដុល្លារ​

ក្នុងនាម​ជាមនុស្ស​ស្រីមាន​ទាំងគ្រួសារ​និងកូន​ត្រូវបីបាច់​ ​អ្នកនាង​ ឈឿន ​ម៉ានីន បារំដោះខ្លួនចេញជីវិត​ជាស្ត្រី​មេផ្ទះ​ ​ងាក​មក​ប្រឡូក​ក្នុងវិថី​ជំនួញ​លើក​ដំបូង​ ដោយ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​បើក​ហាង​កាហ្វេកូន​ខ្មែរ​មាន​ស្ដង់ដា​មិន​ឲ្យចាញ់​បរទេស​ឡើយ​។

manin2_large
មានដើម​កំណើត​ជាអ្នក​បាត់ដំបង​ សហគ្រិន​ស្ត្រី​កម្ពុជាវ័យ​ ២៥ឆ្នាំ ​អ្នកនាង ម៉ានីន​ បាន​លើក​ឡើង​ថា ហាង​កាហ្វេ​មានស្តង់ដា​ក្នុងស្រុក​ពុំមាន​ច្រើន​នោះទេ​ ខណៈហាង​កាហ្វេ​បរទេស​ចូលមក​កម្ពុជា​កំពុងពង្រីក​ខ្លូនដូច​ផ្សិតនា​ពេល​បច្ចុប្បន្ន​។ ​នេះ​ជាដើម​ចមមួយ​ ​ដែល​អ្នកនិយម​ញ៉ាំ​កាហ្វេ​រូបនេះ​ ហ៊ាន​បោះទុន​ជាមួយដៃ​គូប្រមាណ​ជាង១៣ម៉ឺនដុល្លារ​ បើក​ហាង​កាហ្វេ​ឈ្មោះ​ថា P.Plus Coffee ស្ថិត​តាម​ផ្លូវ​ឧកញ៉ា ​ទ្រី ហេង​។

ក្រោយ​ពេល​រៀបការ​ ​អ្នកនាង​ចាប់​មាន​គំនិត​ផ្លាស់​ប្ដូរ​ ស្រប​ពេលការ​ចំណាយ​លើភាព​ស៊ីវិល័យជា​ទម្លាប់ខ្លួន​នោះ​ តែមិនអាច​ចាយវាយ​ផ្ដេសផ្ដាស​បាន​ ​ព្រោះ​តែខ្លួន​មិនមែន​អ្នក​រកលុយ​។ ​អ្នកនាង​ ម៉ានីន​ ឲ្យ​ដឹង​ថា៖ “វាជា​ទំព័រជីវិត​ថ្មី​សម្រាប់ខ្ញុំ​ ​ដែល​ដំបូង​ឡើយ​ខ្ញុំគិត​ថាការ​រកស៊ី​មិន​លំបាក​ទេ ប៉ុន្តែ​ដល់​ពេល​មកកាន់ផ្ទាល់​ទើបដឹងថា​ ខ្ញុំបាន​ចាកចេញ​ជីវិត​សុខស្រួល​ ងាកមក​ស្វែងរក​ជីវិត​ដ៏​មមាញឹក​ហើយ​”។

26692101_1989843671274290_52869910_o_large
ជាក់ស្ដែង​របររក​ស៊ីចាក់​ទឹកយក​លុយ​នៅស្រុក​ខ្មែរ​ មានការ​ប្រកួត​ប្រជែង​ខ្លាំង​ធ្វើឲ្យ​សហគ្រិន​វ័យក្មេង​នេះស្ទើរ​តែ​បោះបង់​ម្ដងៗ​។ ​ប៉ុន្តែ​ដោយ​មានការ​ជ្រោម​ជ្រែង​ និង​លើក​ទឹកចិត្ត​ពីដៃគូ​ជីវិតជា​ហូរហែរ​តាមរយៈ​សម្ដី​មួយ​ឃ្លា​ចងចាំ​បំផុត​នោះគឺ​ ​“អ្នករកស៊ី​មិនអាច​និយាយ​ថាហត់​បានទេ​ តែ​អាច​សម្រាក​ហើយ​ក្រោក​មកធ្វើ​ទៀត​”។ ​រហូតថ្ងៃ​នេះ​អ្នក​នាង​បានក្លាយ​ជាផ្នែក​មួយជួយ​បង្កើន​ចំណូល​ឲ្យគ្រួសារ​ និង​មិនចាយ​លុយស្វាមី​ដូចគ្រា​មុន​។

បើទោះ​ជាការ​ឈាន​ចូលវិថី​ជំនួញ​គ្មានបទពិសោធន៍​រឿងលក់​កាហ្វេ​ក៏ពិតមែន​ ​តែអ្នកនាង​ជឿថា​ ការផ្ដល់​តម្លៃដល់​បុគ្គលិក​ដូច​សមាជិក​គ្រួសារ​ជាកត្តា​រុញ​ច្រាញ​ឲ្យ​អាជីវកម្ម​ជោគជ័យ​។ ​កាល​ណា​បុគ្គលិក​មាន​អារម្មណ៍​កន្លែង​ការងារ​ដូចជា​ផ្ទះ​ ​នោះ​ការបំពេញ​ការងារ​ក៏ត្រូវ​ប្រើក្ដី​ស្រឡាញ់​ពេញ​ចិត្ត​មកធ្វើ​ផងដែរ​។ បន្ទាប់​មកគឺ​គុណភាព​ផលិតផល​ ​ដោយ​អ្នកនាង​​ ​ម៉ានីន​ ​មើល​ឃើញ​ថា​ គ្រប់​អាជីវកម្ម​ណាក៏​ត្រូវតែ​វិវត្តឲ្យ​ទាន់​សម័យ​កាល​។ ​តួយ៉ាង​ កាហ្វេ​របស់ភី.ផ្លឺស​សុទ្ធតែ​នាំចូលពី​ប្រទេស​អ៊ីតាលី​និង​មាន​សុវត្ថិភាព​ដល់​សុខភាព​។

manin_large
ជា​ចុងក្រោយ​ សហគ្រិន​ស្ត្រីរូប​នេះ ​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ស្រី្ត​មេផ្ទះ​សម័យ​ថ្មីនេះ​ គួរកុំ​ធ្វើជា​បន្ទុក​គ្រួសារ​ និង​សម្លឹង​រកអ្វី​ដែលខ្លួន​ស្រឡាញ់​ រៀនធ្វើ ​និង​ទុកចិត្ត​លើខ្លួនឯង​ ហើយ​បង្កើតក្ដី​ស្រមៃ​និងពុះពារ​ធ្វើវាឲ្យ​ក្លាយ​ជាការពិត ​ហើយគ្រប់ៗ​ពេលដែល​អ្នកដួល​ ចូរប្រាប់​ខ្លួនឯង​ថា វាគ្រាន់​តែជា​មេរៀន​ ងើប​ឡើង​ ធ្វើត​ទៀត​៕

អត្ថបទ៖ ស៊ិន សាវ៉េត

Add a Comment

Your email address will not be published. Required fields are marked *