ខឹងស្រីស្នេហ៍ទាក់ទងស្រីម្នាក់ យកដុំថ្មគប់ចូលផ្ទះ ប៉ះក្បាលឪស្រីស្នេហ៍របួសធ្ងន់

ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨

ភ្នំពេញ ៖ យុវជនម្នាក់បានព្យាយាមហាមនារីជាសង្សាររបស់ខ្លួនកុំឱ្យទាក់ទងជាមួយនារីជាមិត្តភក្តិម្នាក់ទៀត តែសង្សារមិនព្រមស្តាប់ នៅតែបន្តទាក់ទងគ្នា លុះពេលដឹងថា នារីជាសង្សារទៅលេងផ្ទះមិត្តភក្តិម្នាក់នោះ ក៏ជិះម៉ូតូទៅយកដុំថ្មគប់ចូលផ្ទះនារីជាមិត្តភក្តិនោះ បណ្តាលឱ្យចំបុរសជាឪពុកបែកក្បាលរងរបួសធ្ងន់ ជាហេតុធ្វើឱ្យនារីជាកូនស្រី រួមនឹងសាច់ញាតិបើករថយន្តដេញតាមចាប់យុវជនបង្ក យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១៣ កែងផ្លូវលេខ២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះចាន់ បូរី អាយុ២២ឆ្នាំ មានលំនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកបុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានលំនៅក្នុងខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនយុវជនខាងលើយកមកសាកសួរ សមត្ថកិច្ចបានទទួលដំណឹងថា មានបុរស៣នាក់ បានជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅ ត្រូវបានរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង បើកដេញបុក ហើយបានចុះពីលើរថយន្តព្រួតវាយទៅលើយុវជនម្នាក់ បណ្តាលរងរបួសតិចតួច ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់  ហើយខាងរថយន្តក៏គេចខ្លួនបាត់អស់ដែរ។

ប្រភដដែលបន្តថា បន្ទាប់ពីមានករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរពីដំណើររឿង ស្រាប់តែភ្លាមនោះ មានបុរសម្នាក់ រួមនឹងនារី២នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក Rang Rover មកដល់ និងបានចោទប្រកាន់ថា យុវជនរូបនេះបានយកដុំថ្មគប់ចូលផ្ទះរបស់ពួកគេ បណ្តាលឱ្យត្រូវបុរសចំណាស់ម្នាក់ ត្រូវជាឪពុកនារីម្នាក់ដែលជិះរថយន្តមកដល់ បណ្តាលឱ្យរងរបួសបែកក្បាល  ហើយពួកគេបានជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវអ្នកក្នុងហេតុការណ៍នោះបើករថយន្តដេញបុកតែម្តង។ បន្ទាប់ពីដឹងរឿងរ៉ាវហើយ សមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនយុវជនខាងលើ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះចាន់ បូរី មិនបានសារភាពអ្វីនោះទេ។ ប៉ុន្តែបើតែយោងតាមអ្នកឃើញហេតុការណ៍ និងសាច់ញាតិជនរងគ្រោះ បានចោទថា យុវជនរូបនេះពិតជាគប់ដុំថ្មចូលផ្ទះរបស់ពួកគាត់មែន ។

ជុំវិញរឿងរ៉ាវខាងលើនេះ នារីវ័យក្មេងម្នាក់ស្លៀកខោប៉ារ៉ា អាវយឺតដៃខ្លីពណ៌ខ្មៅ ដែលរួមដំណើរក្នុងរថយន្ត Rang Rover និងអះអាងថា ត្រូវជាសង្សាររបស់យុវជនខាងលើ បានបង្ហើបប្រាប់ថា សង្សាររបស់នាង និងនារីជាកូនម្ចាស់ផ្ទះដែលគេគប់ដុំថ្មចូលនោះ គឺជាមិត្តភក្តិនឹងគ្នា ហើយមូលហេតុដែលយុវជនជាសង្សាររូបគេគប់ដុំថ្មចូលផ្ទះមិត្តភក្តិស្រីនេះ គឺដោយសារតែសង្សារនេះខឹងរឿងហាមមិនឱ្យនាងរាប់អានជាមួយនារីជាមិត្តភក្តិនោះ ដោយគាត់យល់ថា នារីជាមិត្តភក្តិនោះតែងតែនាំនាងដើរលេង ធ្វើឱ្យសង្សាររូបនេះប្រចណ្ឌ។ លុះពេលកើតហេតុ ដោយសារឃើញនាងទៅលេងផ្ទះមិត្តភក្តិស្រីនេះ ទើបយុវជនជាសង្សារផ្ទុះកំហឹងទាញដុំថ្មគប់ចូលផ្ទះ បណ្តាលឱ្យត្រូវចំឪពុកនារីជាមិត្តភក្តិ បែកក្បាលរងរបួសធ្ងន់តែម្តង។

ដោយឡែក តាមសម្តីនារីវ័យក្មេង ស្លៀកខោខូវប៊យ ពាក់អាវយឺតដៃតូច វៀលក្លៀកពណ៌ស និងត្រូវជាកូនស្រីរបស់ជនរងគ្រោះដែលរងរបួសបែកក្បាល ដោយសារជនបង្កគប់ដុំថ្មចូលផ្ទះ បានអះអាងថា រវាងនាងនិងជនបង្ក គឺជាមិត្តភក្តិនឹងគ្នា ប៉ុុន្តែមួយរយៈក្រោយនេះ ជនបង្កចេះតែព្យាយាមហាមឃាត់មិនឱ្យសង្សាររបស់គេមកទាក់ទងជាមួយនាង ប៉ុន្តែសង្សារនោះមិនស្តាប់ ព្រោះពួកនាងបានរាប់អានគ្នា ទើបធ្វើឱ្យជនបង្កខឹងច្រឡោត រហូតដល់ជិះម៉ូតូមកគប់ដុំថ្មចូលផ្ទះរបស់នាង និងបង្កឱ្យឪពុករបស់នាង ដែលមានជំងឺលើសឈាមផង រងរបួសបែកក្បាលធ្ងន់ និងកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទៀតផង។

ចំណែកស្ត្រីជាម្តាយរបស់យុវជនឈ្មោះចាន់ បូរី បានបញ្ជាក់ថា គាត់មិនដឹងថា កូនប្រុសនិងនារីទាំង២នាក់ខាងលើ មានទំនាក់ទំនងអ្វី ឬមានជម្លោះអ្វីនឹងគ្នាទេ ប៉ុន្តែនៅមុនពេលកើតហេតុ កូនប្រុសបានទូរស័ព្ទមកប្រាប់គាត់ថា មានគេបើករថយន្តដេញបុក និងវ៉ៃគេហើយ ឱ្យគាត់មកជួយផង ទើបគាត់ភ័យស្លន់ស្លោខ្លាចគេវាយកូនស្លាប់ ក៏ជិះម៉ូតូមកតែម្នាក់ឯង។ លុះមកដល់ ក៏មានការចោទប្រកាន់ថា កូនប្រុសគាត់គប់ដុំថ្មចូលផ្ទះគេ ធ្វើឱ្យឪពុកគេបែកក្បាល ហើយជិះរត់ ទើបមានអ្នកដេញតាម ហើយគាត់ក៏មិនដឹងថាការពិតយ៉ាងណាដែរ ប៉ុន្តែ ជំហររបស់គាត់ជាម្តាយ ទោះជាចង់ជួយកូនយ៉ាងណាក្តី តែបើសិនជាកូនពិតជាប្រព្រឹត្តកំហុសមែននោះ គាត់ក៏មិនដឹងជាត្រូវជួយបែបម៉េចដែរ។

ក្រោយពេលកើតហេតុ យុវជនខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នសិន រង់ចាំជនរងគ្រោះចេញពីមន្ទីរពេទ្យ ទើបចាត់ការបន្តទៀត៕

ប្រភពពីគនរធំ

Add a Comment

Your email address will not be published. Required fields are marked *