ចម្រៀង​ ២​បទ ​​ធ្វើ​​ឲ្យ​​ភរិយា​របស់​អធិរាជ​សំឡេង​​មាស ស៊ីន ស៊ីសាមុត​​​ នឹក​ឃើញ​ជា​និច្ច

អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់ជាច្រើន មានរាប់មិនអស់ក្នុងនាមជាគូស្វាមីភរិយា រវាងលោកយាយ ខាវ ថងញ៉ុត និងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប៉ុន្តែអ្វីដែលលោកយាយនឹកឃើញជានិច្ចរហូតដល់សព្វថ្ងៃនេះ គឺបទចម្រៀង «ចំប៉ីសៀមរាប» និង «ឧត្ដមដួងចិត្ត»។

sin-sisamut-wife4_large

លោកយាយ ខាវ ថងញ៉ុត
លោកយាយ ខាវ ថងញ៉ុត អាយុ៧៨ឆ្នាំ ដែលកំពុងរស់នៅខេត្តស្ទឹងត្រែង ជាមួយកូនស្រីដែលជាតំណក់ឈាមសល់តែម្នាក់គត់ជាមួយស្វាមីលោក ស៊ីន ស៊ីសាមុត បានរៀបប្រាប់ថា ក្នុងចំណោមបទចម្រៀងរាប់រយបទរបស់ស្វាមីដែលជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានពីរបទដែលលោកយាយចាប់អារម្មណ៍ជាងគេ និងនឹកឃើញរហូតដល់សព្វថ្ងៃគឺបទ «ចំប៉ីសៀមរាប» និងបទ «ឧត្តមដួងចិត្ត»។

sin-sisamut-wife5_large
លោកយាយ ខាវ ថងញ៉ុត ភរិយាលោកតាស៊ីន ស៊ីសាមុត

លោកយាយ ថងញ៉ុត បានរៀបរាប់ថា លោកយាយបានរៀបការជាមួយលោក ស៊ីន ស៊ីសាមុត នៅពេលលោកយាយអាយុ១៧ឆ្នាំ។ ក្រោយទទួលបានកូន៣នាក់ លោកយាយ និងអធិរាជសំឡេងសំឡេងមាសបានចែកផ្លូវគ្នា។ បន្ទាប់ពីចែកផ្លូវគ្នាបាន៧ឆ្នាំ ក្រុមគ្រួសារទាំងសងខាងបានសម្រុះសម្រួលឲ្យពួកគាត់រួមរស់នៅជាមួយគ្នាវិញ។

នៅពេលសាច់ញាតិសម្រុះសម្រួលឲ្យរួមរស់នៅជាមួយគ្នាវិញ គឺជាពេលដែលពួកគាត់ និងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តទៅខេត្តសៀមរាប ចំពេលមានពិធីបុណ្យធំមួយនៅប្រាសាទអង្គរវត្ត។

លោកយាយបន្តថា នៅពេលនោះហើយដែលស្វាមីលោកយាយ បាននិពន្ធ និងច្រៀងបទ «ចំប៉ីសៀមរាប» ប៉ុន្តែលោកយាយមិនដឹងថា លោកស៊ីន ស៊ីសាមុតច្រៀងបទ «ចំប៉ីសៀមរាប» នោះដើម្បីនារីណានោះទេ។ លោកយាយនិយាយថា៖ «ជួបជុំគ្នាវិញនៅសៀមរាប ពេលធ្វើបុណ្យ ម៉ាកក្មេក មីងមាបានឲ្យជួបជុំគ្នាវិញ ខ្ញុំក៏ព្រមតាមចាស់ៗ។ ពេលនោះហើយគាត់ (ស៊ីន ស៊ីសាមុត) បាននិពន្ធបទ «ចំប៉ីសៀមរាប តែខ្ញុំមិនដឹងថា គាត់តែងដើម្បីនរណាទេ ខ្ញុំគ្រាន់តែដឹងថា គាត់និពន្ធបទនេះពេលខ្ញុំព្រមជួបជុំជាមួយគាត់វិញ»។

លោកយាយ ខាវ ថងញ៉ុត បានបន្តរៀបរាប់ទៀតថា នៅពេលលោកយាយសម្រាកកូនស្រីច្បងនៅខេត្តស្ទឹងត្រែង លោក ស៊ីន ស៊ីសាមុតបាននិពន្ធបទ «ឧត្ដមដួងចិត្ត» ដើម្បីលោកយាយពិតប្រាកដមែន។ លោកយាយមានប្រសាសន៍ថា ៖«ខ្ញុំមកឆ្លងទន្លេនៅស្ទឹងត្រែង ព្រោះអីចាស់ៗពីដើម ពេលឆ្លងទន្លេត្រូវអាំងភ្លើងតាមរបៀបបុរាណ។ គាត់ (ស៊ីន ស៊ីសាមុត) និយាយថា កុំឲ្យខ្ញុំក្តៅពេលអាំងភ្លើង គាត់តែងបទហ្នឹងឲ្យ គាត់ប្រាប់ខ្ញុំផ្ទាល់មាត់»។ បទចម្រៀងនេះហើយដែលលោកយាយច្បាស់នឹងត្រចៀកខ្លួនឯងមួយរយភាគ គឺថា ស្វាមីរបស់លោកយាយនិពន្ធនេះដើម្បីលោកយាយ។

ក្រោយពេលជួបគ្នាឡើងវិញ លោកយាយ និងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតបានបង្កើតកូនប្រុសម្នាក់ទៀត សរុបទាំងអស់មាន៤នាក់ក្នុងនោះ ស្រី១ និងប្រុស៣។ ពួកគាត់បានរួមរស់នៅជាមួយគ្នារហូតដល់សម័យខ្មែរក្រហម ហើយអំឡុងពេលនោះ លោក ស៊ីន ស៊ីសាមុត បាត់ដំណឹងសូន្យរហូតដល់បច្ចុប្បន្ន។

តំណក់ឈាមទាំង៤របស់លោកយាយ និងស្វាមីរហូតដល់ពេលនេះនៅសល់តែកូនស្រីម្នាក់គត់ ខណៈកូនប្រុស៣បានស្លាប់អស់ហើយ៕

sin-sisamut-wife5_large
លោកយាយ ខាវ ថងញ៉ុក និងកូនស្រី ស៊ីន យុត្តណា

sin-sisamut-wife4_large

 

sin-sisamut-wife3_large

អត្ថបទ៖ ជាន ចាន់រ៉ា

Add a Comment

Your email address will not be published. Required fields are marked *