យី ! មួយ​យប់​សោះ​អស់​លុយរាប់​ម៉ឺន​ដុល្លារ​មិនធម្មតាទេបងចោរឡូវ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៦:៤៩

រាជធានី​ភ្នំពេញ ៖ ចោរ​បិទមុខ​១​ក្រុម បាន​ធ្វើ​សកម្មភាព​កាត់​លួស​បន្លារ​របង​ផ្នែក​ខាងក្រោយ​រោងចក្រ​កាត់ដេរ​យីហោ​«​អ៊ី​ហ្វា ហ្គា​មិន​» មួយ​ប្រឡោះ​បន្ទាប់​មក​បាន​លូន​ចូល​ទៅ​ក្នុង​រោងចក្រ នៅ​វេលា​ទាប​ភ្លឺ រួច​គាស់​ទ្វារ​រោងចក្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

1
រហូត​ដល់​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ រួម​ជាមួយ​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ទូដែក និង​ឆែក​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ​ថ្លើមធំ​ទាំងនោះ ។ តាម​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​រោងចក្រ ឃើញ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​គាស់​ទូដែក​នៅ​វេលា​ម៉ោង​២​និង​៤២​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ លុះដល់​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល ។

2
ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កម្មករ​-​កម្មការិនី​ព្រមទាំង​បុគ្គលិក​រដ្ឋ រោងចក្រ​បាន ចេញ​ទៅ​ធ្វើការ ហើយ​ពេល​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ​ភ្លាម ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ទ្វារ​រោងចក្រ​ទ្វារ​បន្ទប់​រដ្ឋបាល និង​ទ្វារ​បន្ទប់​លោក​អគ្គនាយក​រោងចក្រ​ជនជាតិ​ចិន ព្រមទាំង​ទូដែក​ស្ថិត​នៅ​ខាងក្រៅ​បន្ទប់​មាន​ស្នាម​គាស់ ទម្លុះទម្លាយ​ខូចខាត​ខ្ទេចខ្ទីរ ហើយ​អីវ៉ាន់​រប៉ាត់រប៉ាយ ។ មិនតែប៉ុណ្ណោះ​មើលទៅ​ក្នុង​ទូដែក​នោះ​បាត់​លុយ​អស់​គ្មាន​សល់​ឡើយ ហើយ​ពេល​ទៅ​មើល​របង​ផ្នែក​ខាងក្រោយ​មាន​ស្នាម​កាត់​លួស​បន្លារ ដែល​ជា​ច្រក​ក្រុម​ចូល​ធ្វើ​សកម្មភាព​លួច​គាស់​យក​លុយ​ពី​ក្នុង​ទូដែក ។

3
បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​ប្រធាន​រដ្ឋបាល​ឲ្យ​ដឹង ហើយ​ប្រធាន​រដ្ឋបាល​រោងចក្រ​បាន​រាយការណ៍​បន្ត​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ។
ស្ត្រី​ឈ្មោះ​អ៊ូ ចាន់​ដា​វី ហៅ​មីង អាយុ​៣៩​ឆ្នាំ ជា​ប្រធាន​រដ្ឋបាល​រោងចក្រ​នោះ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​អង្គរ​ជ័យ ខេត្តកំពត និង​ស្នាក់​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បាន​និយាយ​ថា ទូដែក​ខាងលើ​នោះ​ទុក​នៅ​ក្នុង​បន្ទប់​លោក​អគ្គនាយក​ក្រុម​ជនជាតិ​ចិន​ដោយនៅ​ក្នុង​នោះ​មាន​លុយ​របស់​ក្រុមហ៊ុន​រាប់​ម៉ឺន​ដុល្លារ និង​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​នោះ​ផង​ដែរ គឺ​មាន ដូច​ជា ឯកសារ​របស់​រោងចក្រ និង​ឯកសារ​ធនាគារ​ជាដើម ។

4
មិនតែប៉ុណ្ណោះ​ក៏​មាន​លុយ​ផ្ទាល់ខ្លួនលោក​អគ្គនាយក​ក្រុមហ៊ុន​រូប​នោះ​ចំនួន​ជាង​៩​ពាន់​ដុល្លារ​ផង​ដែរ ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​អស់​គ្មាន​សល់​ឡើយ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​បាន​ជួល​សន្តិសុខ​យីហោ​ឆេ​ង ជែ​ម ឲ្យ​យាម​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ ហើយដោយ​ឡែក​វេលា​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ មាន​ក្រុម​សន្តិសុខ​យាម​ចំនួន​៤​នាក់ យាម​នៅ​ទីនោះ រីឯ​កម្មករ​-​កម្មការិនី​បាន​ធ្វើការ​ថែម​ម៉ោង​រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​ឈប់​សម្រាក ហើយ​ទាំង​កម្មករ និង​បុគ្គលិក​គ្រប់​ផ្នែក​ក៏​បាន​ចេញ​ទៅ​ផ្ទះ សម្រាក​រៀង​ៗ​ខ្លួន​ដែរ មិន​មាន​អ្នក​ស្នាក់​នៅ​ក្នុង​នោះ​ក្រៅ ពី​ក្រុម​សន្តិសុខ​ទាំង​៤​នាក់​នោះ​ឡើយ ។
5
នគរបាល​បាន​និយាយ​ថា ក្រុម​ចោរ​បាន​កាត់​លួស​បន្លារ​របង​រោងចក្រ​ផ្នែក​ខាងក្រោយ​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​ខាងក្នុង ចំណែក​ទូដែក​នោះ​មាន​ទំហំ​ប្រមាណ​កន្លះ​ម៉ែត្រ​បួន​ជ្រុង និង​មាន​ទម្ងន់​ប្រហែល​ជិត​១០០​គីឡូក្រាម ហើយ​ក្រុម​ចោរ​មិន​បាន​សែង​វា​ចេញ​ក្រៅ​រោងចក្រ​នោះ​ទេ ។ ពេល​នោះ​ដែរ​កម្លាំង​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ហើយ​បានឃើញ​ពី​សកម្មភាព​ក្រុម​ចោរ​មួយ​ក្រុម មាន​គ្នា​ច្រើន​នាក់ ដោយ​ពាក់អាវ​មាន​មួក​ឃ្លុម​បិទមុខ​ថែម​ទៀត​ផង ។

6
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​មិនដឹង​ថា ពួក​គេ​បានដឹង​ដែរ ហើយ​ធ្វើ​ជា​មិនដឹង​នោះ​ទេ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​មាន​រនុកក្នុង​ឲ្យ​ដៃ​ក្រុម​ចោរ​អាច​ជា​អ្នកបម្រើ​ការងារ​នៅ​ក្នុង​នោះ ទើប​ដឹង​ពី​កន្លែង​ទុកដាក់ ទូដែក​យ៉ាង​ច្បាស់​បែប​នេះ ។

C
មិនតែប៉ុណ្ណោះ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នៅឡើយ ដូច្នេះ​នៅ​មិន​ទាន់​បានដឹង​ថា មានការ​ចូលរួម​ឃុបឃិត​ពី​សំណាក់​ក្រុម​សន្តិសុខ​ដែល​យាម​វេន​យប់​នោះ​ដែរ​ឬ​អត់​នោះ​ឡើយ ហើយ​អ្វី​ដែល​មានការ​ងឿងឆ្ងល់ គឺ​ក្រុម​ចោរ​បាន​ប្រើ​ម៉ូ​ទ័​រ​កាត់​ដែក​ទៅ​កាត់​ទម្លុះទម្លាយ​ទូ​ដែល​ថែម​ទៀត ។ ទោះបីជា​បែប​ណា​នគរបាល​បាន​កំណត់​បាន​មុខសញ្ញា​ខាងលើ​នោះ ខ្លះ​ៗ​ហើយ និង​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​៕

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *