សង្សារថ្មីវ៉ៃសង្សារចាស់ រយះក្បាល រួចដឹកដៃខាងស្រីទៅបាត់

ភ្នំពេញ ៖ បុរស២នាក់ សង្ស័យស្រលាញ់ស្រីជាន់លេខរៀងគ្នា ទើបធ្វើឱ្យកើតមានគំនុំក្នុងចិត្តរៀងៗខ្លួន លុះទ្រាំលែងបាន ក៏កើតជាអំពើហិង្សា ដោយភាគីប្រុសស្នេហ៍ថ្មី បានវាយទៅលើភាគីបុរសជាសង្សារចាស់ បណ្តាលឱ្យរយះក្បាលហូរឈាម ឈឺទាំងខ្លួន ឈឺទាំងចិត្ត ត្បិតក្រោយពេលវាយសត្រូវស្នេហាឱ្យរងរបួស ហើយជនបង្កហេតុបានដឹកដៃខាងស្រីរត់គេចខ្លួនបាត់។

image2-11
ករណីជម្លោះដណ្តើមស្រី ក្លាយជាអំពើហិង្សា វាយភាគីម្ខាងឱ្យរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលំមុខសិប្បកម្មកាត់ដេរមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភាគីបុរសរងគ្រោះ និងជាគូស្នេហ៍ចាស់ ដែលទទួលរងរបួសរយះក្បាលនោះ មានឈ្មោះវ៉ាន់ ណាលុច ហៅពិសិដ្ឋ អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ នៅភូមិព្រៃស្វាយ តែពេលថ្ងៃឆ្លៀតមកធ្វើការងារកាត់ដេរស៊ីថ្ងៃ នៅក្នុងសិប្បកម្មទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះជ្រូក ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែកភាគីជនបង្កហេតុ ដែលជាគូស្នេហ៍ថ្មី ព្រមទាំងនារីជាតួអង្គស្រី មិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ពួកគេគឺជាអ្នករួមការងារជាមួយគ្នា និងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។

image1-13
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសទាំង២នាក់ ទាំងជនបង្កហេតុ និងជនរងគ្រោះ គឺជាអ្នករួមការងារក្នុងសិប្បកម្មជាមួយគ្នា ហើយភាគីជនបង្កហេតុបានស្រឡាញ់នារីម្នាក់ ដែលធ្វើការជាមួយគ្នាដែរ ព្រមទាំងកំពុងទាក់ទងគ្នាល្អូកល្អិនស្អិតល្មួត មិនចាញ់ស្ករតាំងម៉ែទេ ហើយបានចោទប្រកាន់ទៅលើជនរងគ្រោះថា មកដណ្តើមយកសង្សាររបស់ខ្លួន ទើបឈានដល់ការបង្កហិង្សាវាយជនរងគ្រោះបែកក្បាល រួចហើយក៏ដឹកដៃស្រីស្នេហ៍រត់គេចបាត់ស្រមោលតែម្តង។

4
ដោយឡែក តាមសម្តីភាគីបុរសរងគ្រោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយ រូបគេបានស្រឡាញ់នារីខាងលើដែរ និងថែមទាំងបម្រុងឱ្យឪពុកម្តាយចូលស្តីដណ្តឹងទៀតផង ប៉ុន្តែនៅថ្ងៃមួយ រូបគេបានដឹកខាងស្រីទៅដល់ស្រុកកំណើត ឱ្យឪពុកម្តាយមើលស្គាល់ ស្រាប់តែក្រោយមក ឪពុកម្តាយព្រមទាំងសាច់ញាតិរបស់គេ ហាក់មិនពេញចិត្ត ទើបរូបគេដកចិត្តមកវិញ ហើយបន្តរាប់អានគ្នាជាធម្មតា ត្រឹមនាមជាមិត្តរួមការងារប៉ុណ្ណោះ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ជនបង្កហេតុដែលជាប្រុសស្នេហ៍ថ្មីរបស់នារីរូបនោះ បែរជាមកចោទប្រកាន់ថា រូបគេដណ្តើមស្រីស្នេហ៍ ហើយក៏មកវាយរូបគេឱ្យរងរបួសតែម្តង។

3
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសរយះក្បាលហូរឈាមជោកខ្លួន ត្រូវបានមិត្តរួមការងារ ដឹកតាមម៉ូតូជូនទៅមន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យដេរមុខរបួស។ បន្ទាប់មក ជនរងគ្រោះបានរួមដំណើរជាមួយម្តាយ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឱ្យជួយរកយុត្តិធម៌។ រីឯភាគីជនដៃដល់ បានដឹកដៃស្រីស្នេហ៍រត់គេចខ្លួនបាត់ស្រមោលទៅហើយ៕

Add a Comment

Your email address will not be published. Required fields are marked *