កម្ពុជា​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​សម្រាប់​វិស័យ​កាត់ដេរហើយ………!

f8cca41b1855ff3c41a9eecefc2bbf1c-780x455

  • ម៉ោង ១៣:០០

 

រាជធានីភ្នំពេញ ៖ ខណៈវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែជាវិស័យសំខាន់មួយជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសការងារ ព្រមទាំងអត្ថប្រយោជន៍
ដល់ពលរដ្ឋរាប់លាននាក់ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា បានស្វះស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលក្នុងវិស័យនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាបានចរចាជាមួយបណ្ដាប្រទេសសហគមន៍អាស៊ីអឺរ៉ុប ដែលមានប្រទេសធំៗចំនួន៥ និងសុទ្ធសឹងតែមានសក្ដានុពលសម្រាប់ទីផ្សារកម្ពុជា រួមមាន រុស្ស៊ី កាហ្សាក់ស្ថាន អាមេនី កៀហ្ស៊ីស៊ីស្ថាន និងបេឡារុស ។ លោកថា ៖« គោលគំនិតស្វែងរកទីផ្សារកម្ពុជា ក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅ និងស្នើឲ្យមានការបើកទីផ្សារសម្រាប់កម្ពុជាទៅបណ្ដាប្រទេសសហគមន៍អាស៊ីអឺរ៉ុប » ។

លោកបន្តថា ដើម្បីឲ្យផលិតផលរបស់កម្ពុជាបានចូលទៅកាន់ទីផ្សារសហគមន៍មួយនេះ ជំហានដំបូង កម្ពុជាត្រូវចរចាជាមួយបណ្ដាប្រទេសទាំង៥ឲ្យរួចរាល់សិន ប៉ុន្តែជាលទ្ធផល ពេលនេះ កម្ពុជាបានចរចាជាមួយប្រទេស៣រួចហើយ និងព្រមព្រៀងរួចហើយដែរក្នុងការទទួលយកទំនិញបានកំណត់មួយចំនួន ក្នុងនោះប្រទេស៣ក្នុងចំណោម៥ នឹងព្រមទិញអាវរងា ដែលកន្លងមកផលិតនៅចិន ហើយពេលនេះ នឹងបង្វែរមកផលិតនៅកម្ពុជាវិញ ។

លោកថា ៖«អាវរងាដែលរុស្ស៊ីបានទិញពីចិនកន្លងមក នឹងលើករោងចក្រមកផលិតនៅកម្ពុជាវិញ ហើយនាំចេញទៅប្រទេសរុស្ស៊ី ក្នុងនោះវិនិយោគិនចិនដែលមកបណ្ដាក់ទុនផលិតអាវរងានៅកម្ពុជា នឹងទទួលបានផលប្រយោជន៍បន្ថែមផងដែរ » ។

លោកបន្ថែមថា ដើម្បីឲ្យកិច្ចការនេះដំណើរការបានឆាប់រហ័ស កម្ពុជា និងសហគមន៍អាស៊ីអឺរ៉ុបបានរៀបចំវេទិកាឲ្យវិនិយោគិនទាំងពីរភាគីជួបជជែកគ្នាដើម្បីរកច្រកចេញវិនិយោគរួមគ្នា ។ វេទិកានេះមិនមែនធ្វើតែម្ដងទេ គឺត្រូវធ្វើជាច្រើនលើកទៀតដើម្បីឲ្យកាន់តែមានភាពស្និទ្ធស្នាល និងយល់ពីគ្នាទៅវិញទៅមក ។ ពេលនេះ ធ្វើនៅកម្ពុជា ហើយពេលក្រោយអាចនឹងធ្វើនៅប្រទេសផ្សេងម្ដង ក្នុងន័យតែមួយ គឺជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អាស៊ីអឺរ៉ុប ។

 

eebf9d9212b3c180df82c56469a28834

លោកឧកញ៉ា វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា ឲ្យដឹងថា ប្រទេសទាំង៥ក្នុងសហគមន៍អាស៊ីអឺរ៉ុប មានពលរដ្ឋប្រមាណជាង១៨០លាននាក់ ។ ដូចនេះ ទីផ្សារមួយនេះមានទំហំធំណាស់សម្រាប់កម្ពុជា ។ ម្យ៉ាងទៀត ពលរដ្ឋនៅបណ្ដាប្រទេសទាំងនោះសុទ្ធតែជាអ្នកមានជីវភាពធូរធារ និងមានលទ្ធភាពអាចទិញសម្ភារថ្លៃៗប្រើប្រាស់បាន អ្វីដែលពិសេស ប្រទេសទាំងនោះក៏ជាប្រទេសត្រជាក់ អីចឹងហើយតម្រូវការអាវរងាសម្រាប់ពលរដ្ឋក្នុងប្រទេសទាំងនោះ គឺចាំបាច់ណាស់ដើម្បីទប់ទល់ភាពត្រជាក់ ។

លោកបន្តថា ៖« បើតាមខ្ញុំដឹង អាវរងាដែលបណ្ដាប្រទេសនៅសហគមន៍អាស៊ីអឺរ៉ុប បានទិញពីប្រទេសចិន ក្រិក និងអុីតាលី ក្នុង១ឆ្នាំៗមានទំហំទឹកប្រាក់ប្រមាណ៧០០លានដុល្លារអាមេរិក ហើយបើយើងអាចចរចាជាមួយបណ្ដាប្រទេសទាំងនោះដោយមិនចាំបាច់បង់ពន្ធ យើងនឹងមានលទ្ធភាពផលិត ហើយអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្គត់ផ្គង់ពីមុនដូចជា ចិន អ៊ីតាលី និងក្រិកជាដើម ។ យើងមិនចង់បានទីផ្សារទាំងមូលទេ តែបើបានត្រឹមតែ១០ ឬ២០%នៃទីផ្សារសរុប យ៉ាងហោចណាស់ ក៏យើងអាចលក់បាន១០០ ទៅ២០០លានដុល្លារអាមេរិកដែរក្នុង១ឆ្នាំៗ » ។

លោកបន្ថែមថា អាវរងាផលិតនៅចិន ហើយនាំចូលទៅកាន់រុស្ស៊ី ត្រូវបង់ពន្ធ២០% ក៏ប៉ុន្តែបើកម្ពុជាចរចាបានទីផ្សារដោយមិនបង់ពន្ធ កម្ពុជានឹងអាចទាក់ទាញចិនឲ្យមកវិនិយោគបន្ថែមទៀត ដោយចិនចំណេញ២០% ហើយមិនបាច់បង់ពន្ធដូចការផលិតក្នុងប្រទេសចិនឡើយ ។ ទាំងនោះគឺចំណេញដល់ការវិនិយោគផង និងបង្កើតការងារដល់ពលរដ្ឋក្នុងប្រទេសកម្ពុជាផង ។

ធនាគារពិភពលោកបានផ្ដល់ទស្សនទានដល់កម្ពុជាថា ក្នុងដំណាក់កាលនេះ កម្ពុជាគួរផលិតអ្វីមានតម្លៃខ្ពស់សម្រាប់នាំចេញ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្តទៀត ខណៈវិស័យកាត់ដេរសម្លៀកបំពាក់នៅតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមួយភាគធំ៕
អត្ថបទនេះរក្សាសិទ្ធដោយ៖កោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *